Looking For Anything Specific?

ការរៀបរចនាសម្ព័ន្ធគ្រប់គ្រងអាជីវកម្ម


 

 

នៅពេលអ្នកចាប់ផ្តើមគិតអំពីការគ្រប់គ្រងអាជីវកម្មរបស់អ្នក មានចំណុចជាច្រើនដែលត្រូវគ្រប់គ្រងដូចជា លុយ មនុស្ស ស្តុក និងចង្វាក់ផលិតកម្មជាដើម ប៉ុន្តែតិច ឬច្រើនគឺអាស្រ័យលើទំហំប្រតិបត្តិការរបស់វា។ ក្នុងនាមជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនមួយ អ្នកមានសិទ្ធក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ក្នុងគោលបំណងធ្វើឲ្យអាជីវកម្មទាំងមូលដំណើរការដោយរលូន និងកាន់តែប្រសើរ។ រចនាសម្ព័ន្ធគ្រប់គ្រងអាជីវកម្មមានច្រើនស្តង់ដារ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកជាម្ចាស់គួរដឹងថាត្រូវរៀបរចនាសម្ព័ន្ធបែបណាទើបទទួលបានប្រសិទ្ធភាព ស៉ីគ្នាទៅនឹងអាជីវកម្ម របស់អ្នក។ អ្នកគួរចាំថា ការរៀបរចនាសម្ព័ន្ធអាជីវកម្ម គឺធ្វើឡើងដោយផ្អែកលើសារៈសំខាន់របស់វា មិនមែនរៀបឲ្យមើលទៅឃើញថាឡូយនោះទេ។ ផ្អែកលើសារៈសំខាន់មានន័យថា តើអ្នកដាក់តួនាទីនេះតួនាទីនោះ នៅត្រង់នេះនៅត្រង់នោះ ដោយសារអ្វី? ផ្នែកនីមួយៗនឹងធ្វើអ្វីខ្លះ ហើយនឹងបង្កើតផលប្រយោជន៍អ្វី? ប្រសិនបើអ្នកទើបតែចាប់ផ្តើមដំបូង ប្រហែលជាអ្នកមិនសូវយល់ពីចំណុចទាំងនេះ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចធ្វើបាននោះទេ។ នៅក្នុងមេរៀននេះ មានការពន្យល់ជាច្រើនតាំងពីការរៀបរចនាសម្ព័ន្ធគ្រប់គ្រង រហូតដល់ការរើសមនុស្សឲ្យមកកាន់តួនាទីសំខាន់ៗតាមផ្នែកនីមួយៗ។
រូបតំណាងនៅខាងលើនេះ គឺជាឧទាហរណ៍នៃរចនាសម្ព័ន្ធគ្រប់គ្រងអាជីវកម្មខ្នាតតូច។ តំណែងលើគេគឺតំណាងឲ្យអ្នក ដែលជាអ្នកគ្រប់គ្រងទូទៅ នាយក ឬប្រធានប្រតិបត្តិ។ នៅក្នុងប្រអប់ដដែល មានរាយកាតព្វកិច្ចសំខាន់ៗចំនួនបីដែលអ្នកត្រូវទទួលខុសត្រូវ គឺ៖ ការបង្កើតចក្ខុវិស័យអាជីវកម្ម & យុទ្ធសាស្ត្រ៖ ក្នុងនាមជាមេដឹកនាំធំជាងគេ អ្នកមានតួនាទីសម្លឹងមើលទៅដល់អនាគតសម្រាប់អាជីវកម្មរបស់ខ្លួន។ ដឹងថាខ្លួនកំពុងដឹកនាំ អាជីវកម្ម និងកូនក្រុមទៅចំណុចណា និងដឹងថាត្រូវប្រើយុទ្ធសាស្ត្រអ្វីខ្លះទើបអាចទៅដល់គោលដៅបាន។ ទំនាក់ទំនង៖ ក្នុងការរកស៉ី ទំនាក់ទំនងគឺជារឿងចាំបាច់ ជាពិសេសសម្រាប់ម្ចាស់ និងមេដឹកនាំអាជីវកម្ម។ មិនថាទំនាក់ទំនងរវាងក្រុមការងារ ដៃគូ អ្នកផ្គត់ផ្គង់ ឬអតិថិជននោះទេ វាសុទ្ធតែផ្តល់ឲ្យអ្នកនូវផលប្រយោជន៍។ ប្រសិនបើអ្នកធ្វើជាមេដឹកនាំគេ ប៉ុន្តែមានទំនាក់ទំនងខ្សោយនោះ អ្នកនឹងមិនអាចឆ្ពោះទៅមុខបានលឿនទេ។ មធ្យោបាយបង្កើនចំណូល៖ អ្នកប្រាកដជាមិនចង់ឲ្យអាជីវកម្មរបស់ខ្លួនដើរថយក្រោយ ឬនៅនឹងថ្កល់ទេ គឺចង់ឲ្យវាលូតលាស់ទៅមុខ។ ប្រាក់ចំណូលគឺជាអាហារសម្រាប់ចិញ្ចឹមអាជីវកម្មរបស់អ្នកឲ្យធំធាត់ ដូច្នេះស្ថិតក្នុងតំណែងរបស់អ្នក អ្នកគួរតែដឹងក្នុងរយៈពេលមួយឆ្នាំៗ អ្នកត្រូវការឲ្យអាជីវកម្មរបស់អ្នករកប្រាក់ចំណូលបានប៉ុណ្ណា។ ប្រសិនបើអ្នកជាមេដឹកនាំគេមិនដឹងថាចង់បានប្រាក់ចំណូលប្រចាំឆ្នាំប៉ុន្មាន និងមិនដឹងថាធ្វើបែបណាទើបអាចបង្កើនចំណូលបាន វានឹងធ្វើឲ្យថ្នាក់ក្រោមកាន់តែមិន ដឹងថាត្រូវធ្វើបែបណា។ បីចំណុចខាងលើ គ្រាន់តែជាឧទាហរណ៍នៃភាពទទួលខុសត្រូវទូទៅក្នុងអាជីវកម្មខ្នាតតូចប៉ុណ្ណោះ។ នៅមានការទទួលខុសត្រូវតូចៗជាច្រើនទៀតនៅក្នុងចំណុចនីមួយៗ អាស្រ័យលើអ្នកកំណត់។ ក្នុងឧទាហរណ៍ខាងលើ គឺជារចនាសម្ព័ន្ធគ្រប់គ្រងអាជីវកម្មដឹកជញ្ជូនខ្នាតតូច ដូច្នេះប្រតិបត្តិការស្នូល គឺសេវាកម្មដឹកជញ្ជូន។ នៅពេលអ្នកមានគម្រោងបើកអាជីវកម្មដឹកជញ្ចូន អ្នកបានត្រៀមយុទ្ធសាស្ត្រ និងគម្រោងសំខាន់ៗទាំងអស់ ប៉ុន្តែតើអ្នកអាចធ្វើកិច្ចការទាំងអស់ម្នាក់ឯងបានទេ?
ឧបមាថាអ្នករកស៉ីចូលហ៊ុនគ្នាជាមួយមិត្តភក្តិ ៣ នាក់ទៀត(អាជីវកម្មសហកម្មសិទ្ធទូទៅ) ដែលសរុបមានម្ចាស់ភាគហ៊ុនចំនួន ៤ នាក់។ បន្ទាប់មកអ្នកចុះកិច្ចព្រមព្រៀងជាមួយដៃគូទាំងអស់ ចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ និងស្នើសុំលិខិតអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន និងកាតព្វកិច្ចច្បាប់ផ្សេងទៀតបើចាំបាច់។ នៅក្នុងកិច្ចព្រមព្រៀងអ្នកបានចែកតួនាទីគ្នាទទួលខុសត្រូវរួចហើយ ដែលអ្នកកាន់តំណែងជានាយកប្រតិបត្តិ ដៃគូម្នាក់ទៀតទទួលខុសត្រូវផ្នែកទីផ្សារ ដៃគូម្នាក់ទៀត ទទួលខុសត្រូវផ្នែកប្រតិបត្តិការ និងម្នាក់ចុងក្រោយទទួលខុសត្រូវខាងហិរញ្ញវត្ថុ។ អ្នកទាំង ៣ ត្រូវធ្វើការដើម្បីសម្រេចគោលដៅដែលអ្នកដាក់ឲ្យពួកគេ ហើយអ្នកជាអ្នកត្រួតពិនិត្យកិច្ចការរបស់ពួកគេ។ អ្នកកាន់ផ្នែកទីផ្សារ៖ ផ្នែកនេះទទួលខុសត្រូវរៀបយុទ្ធសាស្ត្រនានាដើម្បីវាយឡុកទីផ្សារ និងជម្រុញការលក់តាមរយៈការបង្កើតប្រូម៉ូសិនផ្សេងៗ ហើយដាក់ឲ្យនាយកប្រតិបត្តិត្រួតពិនិត្យ និងធ្វើការសម្រេចចិត្ត។ មេដឹកនាំផ្នែកនេះត្រូវធ្វើការផ្តោតធ្វើយ៉ាងណាអនុវត្ត គម្រោងឲ្យបានតាមគោលដៅដែលបានកំណត់ និងមានការតាំងចិត្តខ្ពស់ធ្វើឲ្យផ្នែករបស់ខ្លួនដំណើរការបានជោគជ័យ និងមិនត្រូវជ្រៀតជ្រែកដែនគ្រប់គ្រងក្នុងផ្នែកផ្សេង ទោះបីខ្លួនជាម្ចាស់ភាគហ៊ុនម្នាក់ក៏ដោយ។ បន្ទាប់ពីទទួលបានការយល់ព្រមពីនាយកប្រតិបត្តិ ផ្នែកទីផ្សារត្រូវអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនរួមមានការធ្វើប្រូម៉ូសិន និងឃោសនា ឲ្យសាធារណៈជនស្គាល់យីហោ និងសេវាកម្មដឹកជញ្ជូន។ អាជីវកម្មខ្លះដាក់ផ្នែកលក់នៅក្នុងផ្នែកទីផ្សារ ចំណែកខ្លះទៀតដាក់ផ្នែកទីផ្សារ និងផ្នែកលក់ដាច់ដោយឡែកពីគ្នាដើម្បីឲ្យពួកគេផ្តោតលើតួនាទីធ្វើទីផ្សារ និងការលក់ឲ្យកាន់តែមានប្រសិទ្ធភាព។ ផ្នែកប្រតិបត្តិការ៖ បន្ទាប់ពីផ្នែកទីផ្សារដំណើរការ អតិថិជនចាប់ផ្តើមស្គាល់ និងប្រើសេវាកម្មដឹកជញ្ជូនរបស់អ្នក។ ប្រសិនបើអាជីវកម្មរបស់អ្នកជាសេវាកម្មដឹកជញ្ជូនទំនិញ ផ្នែកប្រតិបត្តិការត្រូវទទួលខុសត្រូវចាប់ពីសេវាកម្មទទួលអតិថិជន ទទួលទំនិញ វេចខ្ចប់ និងដឹកជញ្ជូនទំនិញទៅតាមគោលដៅឲ្យទាន់ពេលកំណត់។ អ្នកកាន់ផ្នែកប្រតិបត្តិការត្រូវផ្តោតលើតួនាទីរបស់ខ្លួន គឺធ្វើឲ្យប្រតិបត្តិការប្រចាំថ្ងៃដំណើរការទៅមុខ និងពិនិត្យមើលស្តង់ដារសេវាកម្មរបស់ខ្លួន ថាបំពេញចិត្តអតិថិជនបាន ឬអត់ និងធ្វើឲ្យប្រាកដថាវាស្របតាមទម្រង់ ឬនិតិវិធីការងារដែលបានកំណត់។ ផ្នែកលុយ៖ បន្ទាប់ពីផ្នែកប្រតិបត្តិការដំណើរការ ប្រាក់ចំណូលក៏ចាប់ផ្តើមចូលដែរ បែបនេះផ្នែកហិរញ្ញវត្ថុមានតួនាទីកត់ត្រាប្រាក់ចំណូល-ចំណាយ គ្រប់គ្រងប្រាក់ចំណូល និងរៀបចំរបាយការណ៍ ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ តាមស្តង់ដារ គណនេយ្យ សម្រាប់ដាក់ជូនថ្នាក់លើពិនិត្យ។ អ្នកកាន់ផ្នែកនេះក៏ទទួលខុសត្រូវតាមដានស្ថានភាពហិរញ្ញវត្ថុក្នុងអាជីវកម្ម និងរាយការណ៍ទៅនាយកប្រតិបត្តិផងដែរ។ មេដឹកនាំផ្នែកហិរញ្ញវត្ថុ ត្រូវចេះគ្រប់គ្រង និងប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាពបំផុត។
ប្រសិនបើអាជីវកម្មដឹកជញ្ជូនរបស់អ្នកប្រើបច្ចេកវិទ្យាជំនួយ អ្នកត្រូវការផ្នែកបច្ចេកវិទ្យាមួយទៀតសម្រាប់ទទួលខុសត្រូវគ្រប់គ្រងដំណើរការ និងអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រដល់ប្រតិបត្តិការ។ សរុបក្នុងឧទាហរណ៍ខាងលើ តំណែងនាយកប្រតិបត្តិត្រូវចេះដឹកនាំឲ្យផ្នែកទាំងបីខាងក្រោមធ្វើការជាប្រព័ន្ធ និងស៉ីចង្វាក់គ្នា ដើម្បីដណ្ដើមយកភាពជោគជ័យនៅក្នុងទីផ្សារ។ ប្រសិនប្រៀបធៀបក្នុងការធ្វើសង្គ្រាម នាយកប្រតិបត្តិគឺជាមេទ័ពធំ ដែលត្រូវមានយុទ្ធវិធីដឹកនាំមេទ័ពតូចៗឲ្យបានល្អដើម្បីច្បាំងយកជ័យជម្នះនៅលើសមរភូមិ។ មេទ័ពតូចៗត្រូវអនុវត្តបទបញ្ជារបស់មេទ័ពធំឲ្យបានល្អ ហើយដឹកនាំកូនទ័ពរបស់ខ្លួនចូលច្បាំងដោយភាពអង់អាចក្លាហាន និងវៃឆ្លាត។ ត្រង់ចំណុចប្រតិបត្តិការ ដោយសារតែវាជាអាជីវកម្មដឹកជញ្ជូនទើបប្រតិបត្តិការស្នូលរបស់វាមានតែការដឹកជញ្ជូន ប៉ុន្តែបើវាជាអាជីវកម្មផលិតផលិតផល ផ្នែកប្រតិបត្តិការត្រូវទទួលខុសត្រូវចាប់តាំងពីវត្ថុធាតុដើមរហូត ដល់ចង្វាក់ផលិតកម្ម ត្រួតពិនិត្យគុណភាព និងវេចខ្ចប់ដើម្បីនាំចូលទីផ្សារ។ ផ្នែកទីផ្សារ ទទួលខុសត្រូវក្នុងការវិភាគផលិតផលដែលត្រូវផលិត កំណត់ថ្លៃផលិតផល ធ្វើប្រូម៉ូសិន និងចែកចាយទៅកាន់សាធារណៈជន និងអតិថិជនគោលដៅ។ ផ្នែកហិរញ្ញវត្ថុជាអ្នកកត់ត្រា និងគ្រប់គ្រងប្រាក់ចំណូលដែលអាជីវកម្មរកបាន ហើយរៀបចំរបាយការណ៍លទ្ធផលហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់ភាគហ៊ុនទាំងអស់៕

Post a Comment

0 Comments